ការកែច្នៃ និងការស្ដុកទុក

Saturday, March 25, 2017

ដំណាំស្ពៃខៀវ (Green mustard)


I-ស្ថានភាពទូទៅ Information
ស្ពៃខៀវជាប្រភេទបន្លែមួយ ក្នុងចំណោមបន្លែស្ពៃជាច្រើនមុខដែលកសិករយើងធ្លាប់ស្គាល់ និងបរិភោគ ។ គេអាចហៅឈ្មោះបានច្រើនយ៉ាង ដូចជាស្ពៃខ្មៅ ស្ពៃហាង ស្ពៃឬស ប៉ុន្ដែឈ្មោះដែលប្រើទូលំទូលាយគឺស្ពៃខៀវ ។ នោះតំបន់អាស៊ីគេអាចហៅបាន៣យ៉ាង គឺ ស្ពៃស្លឹក Lea mustard ស្ពៃឥណ្ឌាindian mustard ឬ ស្ពៃចិន chiness mustard ។ ស្ពៃនេះត្រូវបានគេចាត់បញ្ចូល ទៅក្នុងគ្រួសារគ្រុយស៊ីហ្វើរ៉េ Crueiferae ។ នៅឆ្នាំ១៩៣២ លោក ម៉ែន តុន (Manton) បានអោយឈ្មោះជាលើកដំបូង ដែលចាត់ចូលទៅក្នុងជំពូក Brassiceae ជាអនុផ្នែកនៃក្រុម Brassica នៅក្នុងក្រុមនេះមានជាង ១០០ ប្រភេទ នៃរុក្ខជាតិ ។ ស្ពៃនេះមានឈ្មោះវិទ្យាសាស្រ្ដហៅថា Brassica Juncea-L ហើយវាមានប្រភពនៅតំបន់អាស៊ីកណ្ដាល ជាពិសេសនៅភាគខាងកើតនៅប្រទេសចិន និងប្រទេសឥណ្ឌា ។
II-បច្ចេកទេសដាំដុះ Cultivation
១-ការជ្រើសរើសរដូវ
ដំណាំស្ពៃខៀវក៏ជាដំណាំមួយមិនប្រកាន់រដូវដែរ ប៉ុន្ដែការជ្រើសរើសរដូវក្នុងគោលបំណងជៀសផុតពីការបំផ្លាញសត្វល្អិតចង្រៃនៅរដូវក្តៅពី ខែកុម្ភះ ដល់ ខែ ឧសភា នៅប្រទេសកម្ពុជាយើងអាកាសធាតុ ធ្វើអោយកត្តាចង្រៃលេចចេញ នូវប្រជាករយ៉ាងខ្លាំងព្រមទាំងរាតត្បាត ដំណាំនេះអាចបាត់បង់ទ្និផល ១០០%បានរដូវដែលសមស្របគឺ ខែតុលាដល់ខែធ្នូ និងពីខែកក្កដាដល់ខែតុលាចំពោះតំបន់ខ្ពង់រាបនិងភ្នំ សីតុណ្ហភាពដ៏ប្រសើរគឺចន្លោះពី ២០-២៤ 0c មធ្យមប្រចាំថ្ងៃបច្ចេកទេសដាំដុះគឺរាប់បញ្ចូលទៅលើការជ្រើសរើសរដូវ ការជ្រើសរើសពូជ ការជ្រើសរើសដី និងរៀបចំដី ការសាបកូន និងការដាំ ។
២-ការជ្រើសរើសពូជ
ការជ្រើសរើសពូជជាកត្ដាយ៉ាងចំបងក្នុងការដាំដុះ ព្រោះវាជាមុខងារមួយយ៉ាងសំខាន់ក្នុងការកំណត់ទិន្នផល ។ លក្ខខ័ណ្ឌសំខាន់ៗដែលត្រូវជ្រើសរើសមាន:
  • ពូជមានប្រភពច្បាស់លាស់ :​ ប្រភពពូជកូនកាត់ Hybrid ឬOPV
  • សុខភាពរបស់ពូជល្អ : ប្រមូលផលទុំពេញលេញ សំរិតសំរាំងនិងទុកដាក់បានត្រឹមត្រូវ គ្មានសត្វល្អិត ឬជំងឺបំផ្លាញដុះភាគរយខ្ពស់ពី ៨០-៩៥%
  • ភាពសុទ្ធនៃពូជ : គ្រាប់ពូជមានភាពស្មើការលូតលាស់មានលក្ខណះជាឯកសណ្ឋាន (Uniform) ទាំងទ្រងទ្រាយស្លឹក ធាង ពណ៍
  • អាយុកាលលូតលាស់ខ្ចី ទិន្នផលខ្ពស់ សមស្របក្នុងការប្រើប្រាស់លើទីផ្សារ ។
នៅប្រទេសកម្ពុជាយើបច្ចុប្បន្ន ពិនិត្យឃើញមានពូជស្ពៃខៀវ៣ប្រភេទ :
  • ប្រភេទស្លឹកតូចវែង : គ្រាប់តូចល្អិតពណ៍ក្រហមហើយមូលទ្រវែង ពូជនេះអាយុកាលពី ២៥-៣០ ថ្ងៃចេញផ្កា ស្លឹកស្ដើងគែមស្លឹកដូចធ្មេញរណារ ធាងពណ៍បៃតងស្រាល ឬ សព្រលែត ពូជនេះទិន្នផលទាបជាមធ្យម ១១,៥T-14T.Ha
  • ប្រភេទស្លឹកធំលាតត្រដាងហើយធ្លាក់ចុះក្រោម : គ្រាប់ពូជទំហំធំបង្គួរ ហើយមូលពណ៍ក្រហម វាមានអាយុកាលមធ្យមពី ៣០-៤០ថ្ងៃចេញផ្កាស្លឹកពណ៍បៃតង ធំមូលទ្រនង់សសៃស្លឹកតូចល្អិតធាងពណ៍ទឹកអំពៅខ្ចី ធំសំប៉ែតហើយវែង ទិន្នផលខ្ពស់ចន្លោះពី ១៥-១៧T.ha ប៉ុន្ដែមិនធន់ទ្រាំនៅរដូវភ្លៀងព្រោះស្លឹកស្ដើង ។
  • ពូជស្លឹកក្រាស់ធាងធំពណ៍ស : គ្រាប់របស់ធំៗហើយមានលក្ខណះជ្រុងៗ ពណ៍ក្រម៉ៅ វាមានអាយុកាលពី ៣៥-៤៥ ថ្ងៃទើបចេញផ្កាស្លឹកពណ៍បៃតងចាស់មានរោមខ្លីៗ សរសៃស្លឺកពណ៍ស​ ស្លឹកឈរត្រង់ហើយរួញៗ ធាងស្លឹកពណ៍សស្រអាប់មានសរសៃច្រើនហើយស្វិត វាមានទិន្នផលខ្ពស់ចន្លោះពី ១៨-២២T.Ha ហើយធន់ទ្រាំនឹងទឹកភ្លៀង អាចដាំគ្រប់រដូវបានប៉ុន្ដែទីផ្សារមានតំលៃទាបជាងគេ ។
ជាទូទៅដើម្បីសាបលើផ្ទៃដី១ha គេប្រើគ្រាប់ពូជចំនូន ៤៥០០g ប៉ុន្ដៃចំពោះការសាបហើយដកកូនយកទៅស្ទូងគេប្រើគ្រាប់ពូជចំនួន ២៥០០g ចំនួន​ ១០០០ គ្រាប់មានទំងន់ ២, ៥-៣, ២g ។
៣-ការជ្រើសរើសនិងរៀបចំដី
ការជ្រើសរើសដី : ដំណាំប្រភេទនេះត្រូវការដីធូមានជីវជាតិគ្រប់គ្រាន់ ស្រទាប់ដាំដុះជ្រៅស្ងួតទឹកល្អក្រោយពីស្រោចឬភ្លៀងដូចជាប្រភេទដីគ្រោះខ្មៅ ដីក្រហម ដីល្បាប់ក្បែរមាត់ទន្លេឬព្រែក ដីល្បាយធម្មតា ប៉ុន្ដែវាមិនអាចទទួលទិន្នផលល្អលើប្រភេទដីឥដ្ខឬដីកន្ដេងខ្លាំងនោះឡើយ ។ ជាមធ្យមតំរូវការ pH ចន្លោះពី ៥,៥-៧,៥  ។
ការរៀបចំដី : ដីសំរាប់ដាំស្ពៃត្រូវរាស់ប្រមូលយកស្មៅនិងកាកសំណល់រុក្ខជាតិនិង​​ ដំណាំផ្សេងៗពីរដូវមុនចេញ ហើយភ្ជួរហាលដីអោយស្ងួតរយះពេល ៥-៧ថ្ងៃ ហើយរាស់បំបែកដីអោយហ្មត់ ដើម្បីអោយស្មៅចង្រៃងាប់ និងដើម្បីអោយដីធូរ ។ ការភ្ជួររាស់ត្រូវធ្វើអោយបានច្រើនលើក ២-៣លើកទើបអាចលើករងបាន ។ របៀបលើករងឬថ្នាលគឺត្រូវអោយមានទទឹងប្រវែង ១m ចន្លោះរង ២០-៣០cm បណ្ដោយទៅតាមសភាពដីហើយកំពស់រង ១៥-២០cm បន្ទាប់មករាស់និងវាយបំបែកដីលើរងអោយល្អិតគៀរអោយស្មើតាមរងនីមួយៗ ។​
៤-ការសាបកូននិងដាំដុះ
ការដាំដុះដំណាំស្ពៃខៀវគេអាចដាំបាន២របៀបគឺ ការលាបកូនហើយដកយកទៅស្ទូង ឬ ការសាបគ្រាប់អោយរង្វើលៗហើយដករំលោះកូនចេញ ដោយទុកអោយមានចន្លោះគុម្ភះ ១៥cm  , ២០cm  ។
ក-វិធីសាស្រ្ដសាបកូន
ថ្នាលសំរាប់សាបកូន ត្រូវកាប់ហាលថ្ងៃអោយស្ងួតវាបំបែកដីអោយល្អិតជ្រោយដីហាលអោយបានច្រើនលើក គៀរអោយស្មើ បាចជី ១៥-១៥-១៥ចំនួន២០០gក្នុងផ្ទៃ១០m2 និងរោយថ្នាំ Furadan ការពារនិងកំចាត់សត្វល្អិតនៅក្នុងដី បន្ទាប់មកយកគ្រាប់ស្ពៃត្រាំទឹក ២ម៉ោង ហើយផ្អាប់១យប់បន្ទាប់មកយកទៅសាប ។ ចំនួន២ស្លាបព្រាបាយគ្រាប់ស្ពៃ (២៥g) លើថ្នាល ១០m2 ក្រោយសាបហើយត្រូវយកកំទេចចំបើងស្ងួតកាត់ខ្លីៗបាចពីលើ ហើយស្រោយទឹកអោយជោគ ប្រសិនបើនៅរដូវវស្សាគួរធ្វើ គំរបការពារភ្លៀងនិងកំដៅ ។ ការថែទាំកូនស្ពៃក្រោយពីសាបរយះពេល ៧ ថ្ងៃត្រូវស្រោចជីបំប៉ន​អោយកូនស្ពៃឆាប់ធំគឺ១ស្លាបព្រាបាយ (២០g) លាយទឹក១៥លីត្រស្រោចអោយសព្វហើយស្រោចទឹកលាងតាមក្រោយ ។ ក្រៅពិនោះការដកស្មៅ និងការកំចាត់សត្វល្អិតក៏ត្រូវ ធ្វើឡើងដែរប្រសិនបើមានស្មៅឬសត្វល្អិតបំផ្លាញ ។ ពេលកូនស្ពៃមានអាយុ ១៥-១៨ ថ្ងៃមានស្លឹកពិត ២-៣ អាចយកទៅស្ទូងបាន ។
ខ-វិធីសាស្រ្ដស្ទូងកូនស្ពៃ
ត្រូវស្រោចទឹកថ្នាលកូនស្ពៃអោយជោគមុខដកកូនស្ពៃរយះពេល ៣០នាទី ក្រោយមកដកកូនស្ពៃថ្នមៗការពារដាច់ឬសនិងរលួយគល់និងបាក់ធាងស្ពៃ ។ ការដកត្រូវជំរើសកូនស្ពៃអោយធំស្មើគ្នាល្អ ។ ក្រោយពីដកបានហើយត្រូវយកទៅស្ទូងលើថ្នាលដែលរៀបចំហើយ តែមុនស្ទូងត្រូវស្រោចទឹកលើថ្នាលអោយជោគ បាចកំទេចចំបើងកាត់ខ្លីៗពីលើថ្នាល ទើបស្ទូងកូនស្ពៃតាមចន្លោះគុម្ភះ ១៥cm និងចន្លោះជួរ ២០cm ក្រោយស្ទូងហើយត្រូវស្រោចទឹកអោយជោគភ្លាម ។
គ-ការដាំដោយសាបគ្រាប់ផ្ទាល់
ការដាំដុះដោយសាបគ្រាប់ផ្ទាល់ គេតូវយកគ្រាប់ពូជមួយស្លាបព្រាបាយស្មើសាបអោយរង្វើលៗ លើផ្ទៃដី ១០m2 (មួយថ្នាល) ហើយរោយកំទិចចំបើងខ្លីៗពីលើបន្ទាប់មកស្រោចទឹកអោយជោគ ព្រឹក ល្ងាច រហូត ដល់ពេលស្ពៃមានអាយុ ១០ ថ្ងៃទើបដករំលោះកូនចេញលើកទី១ ទុកអោយរង្វើលៗ និងលើកទី២គឺ ១៥ ថ្ងៃក្រោយសាបត្រូវដករំលោះដោយទុកអោយមានចន្លោះគុម្ភះ ១៥cm និងចន្លោះជូរ២០cm ហើយត្រូវស្រោចជីបំប៉ន និងបង្កើនការស្រោចទឹកអោយច្រើន ធ្វើអោយស្ពៃឆាប់លូតលាស់  ។
៥-ការជ្រុំជ្រោយដី
ការជ្រុំជ្រោយដីក្រោយពីស្ទូងបានរយះពេល ៧-១០ថ្ងៃ គឺធ្វើអោយដីធូរ ជ្រាបទឹកល្អ មានខ្យល់គ្រប់គ្រាន់សំរូលដល់ការដុះលូតលាស់ព្រមទាំងបន្ថយការដុះស្មៅ ។ មុនជ្រុំជ្រោយដីឡើងវិញត្រូវដកស្មៅចេញ ផ្អាកការស្រោចទឹក ១-២ ថ្ងៃ ទើបអាចជ្រុំបានប្រើដោយកូនចបកាប់បំបែកដីមុខលើ និងហាលដីនោះ ១ថ្ងៃអោយស្ងួតនិងអោយស្មៅចង្រៃលែងលូតលាស់ ។ គេអាចដកស្មៅលើកទី២ នៅពេលស្ពៃមានអាយុ ២៥ថ្ងៃក្រោយស្ទូងតែហាមជ្រុំជ្រោយដី ។
៦-ការស្រោចស្រព
ដំណាំប្រភេទនេះមិនត្រូវការទឹកខ្លាំងដូចដំណាំឯទៀតឡើយប៉ុន្ដែវាត្រូវការទឹករាល់ថ្ងៃ ។ ជាធម្មតាគេស្រោចទឹកមួយថ្ងៃ២លើកគឺព្រឹក ល្ងាច ដោយប៉ោតនិងដោយម៉ាស៊ីនបាញ់ទឹក ។ នៅរដូវវស្សាកាលណាមានភ្លៀងធ្លាក់នៅពេលយប់ ព្រលឹមឡើងគេត្រូវស្រោចឬ បាញ់ទឹកលាងស្លឹកស្ពៃអោយស្អាតកំទិចដីដែលជាប់ឬដាក់នៅក្នុងបណ្ដូលស្ពៃ ដែលជាហេតុធ្វើអោយរលួយបាន  ។
គេចែកការស្រោចស្រព្វជា២ ផ្នែកក្នុង១អាយុកាលរបស់ស្ពៃចាប់ពីបាចគ្រាប់រហូតដល់មានសន្លឹកពិត ២ ការស្រោចទឹកជាមធ្យមតែចាប់ពីពេលមានសន្លឹក៣ ឡើងនៅការស្រោចស្រព្វ ត្រូវបង្កើនបរិមាណទឹក ឬចាប់ពីពេលស្ទូងស្ពៃហើយរហូតដល់ពេលប្រមូលផល ។
៧-ការដាក់ជី
ដំណាំស្ពៃត្រូវការសារធាតុចិញ្ចឹម៣យ៉ាងសំខាន់ៗ ដូចដំណាំឯទៀតដែរ ប៉ុន្ដែវាត្រូវការកំរិតខុសគ្នាទៅតាមអាយុកាលរបស់វា ។ សារធាតុសំខាន់ៗមានអាសូត (N) ជូស្វ័រ (P) និងប៉ូតាស្យូម (k) ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយស្ពៃប្រភេទនេះជាដំណាំយកស្លឹកវាត្រូវការធាតុអាសូត (N) ច្រើនជាងសារធាតុឯទៀតៗ ។គេចែកការដាក់ជីជា៣ដំណាក់កាលគឺ ​។
  • ដំណាក់កាលមុនពេលសាបគ្រាប់ឬស្ទូង គេប្រើប្រភេទជី ១៥-១៥-១៥ចំនួន១៣៤kg សំរាប់ផ្ទៃដី ១Ha (១០.០០០m2) ឬ១០០g-១៥០g (១ខាំ-១,៥ខាំ) លើផ្ទៃដី១០m2 មុនពេលសាបគ្រាប់ស្ពៃឬស្ទូងកូនស្ពៃត្រូវបាចលើថ្នាល ដោយលាយជាមួយជីកុំស្ដីឬសាបសត្វពុកផុយល្អដូចជាលាមកមាន់ គោ ក្របី ជ្រូក ។ ល ។ ចំនួន១០-១៥kg ហើយរាស់លប់ទៅក្នុងដី
  • ការស្រោចជីបំប៉ន ដោយយកប្រភេទជីអ៊ិយរ៉េចំនួន ៦៥kg លាយទឹកស្រោចលើផ្ទៃដី ១ha ។
  • របៀបប្រើគឺ១ស្លាបព្រាបាយលាយទឹក ១ធុង ១៨លីត្រ ស្រោចលើផ្ទៃដី ១០m2 ហើយត្រូវស្រោចទឹកលាងតាមក្រោយអោយជោគការពារជីដក់នៅក្នុងកំពូលកូនស្ពៃ ក្រោយពីសាបបាន ៨-១០ថ្ងៃឬក្រោយពីស្ទូង ៥-៧ថ្ងៃ ។
  • ការដាក់ជីបំប៉នលើទី២ គីក្រោយសាបរយះពេល ១៥-១៨ថ្ងៃ ឬ ក្រោយស្ទូង ១០ថ្ងៃ ប្រភេទជី ១៥-១៥-១៥ ចំនួន ១៣៤kg (១០០-១៥០g) លើផ្ទៃដី ១ថ្នាល ១០m2 ត្រូវរោយតាមចន្លោះ គុម្ភហើយស្រោចទឹកអោយជោគ ។
  • ការដាក់ជីបំប៉នលើកទី៣ គឺប្រភេទជីអ៊ុយរ៉េ urea​ 46% ចំនួន៨០-១០០kg លើផ្ទៃដី ១ha ឬ ២ស្លាបព្រាបាយលាយជាមួយទឺក ១៨លីត្រស្រោចលើផ្ទៃដី ១០m2 ក្រោយពីសាបបានអាយុ ២៥-៣០ថ្ងៃ ឬក្រោយស្ទូង ឬ២០ថ្ងៃ បន្ទាប់មកស្រោចទឹកលាងតាមក្រោយអោយជោគ ។
III-អំពីជំងឺ សត្វល្អិត Insect and Diseases
១-អំពីជំងឺ
ដំណាំស្ពៃខៀវតែងជួបជំងឺសំខាន់ៗ៣គឺ
  • ដំណាក់កាលសំណាប : កើតជំងឺផ្សិតតរលួយគល់ឈ្មោះ Damping off ជំងឺនេះបណ្ដាលមកពីសំណើមសីតុណ្ហភាព និង សំណើមបរិយាកាសវាបណ្ដាលមកពីភ្នាក់ងារបង្ករោគគឺ Rhizocto nia Solani វាតែងតែកើតលើកូនស្ពៃមានអាយុ ៥-១០ថ្ងៃក្រោយពីដុះ ធ្វើអោយគល់របស់កូនស្ពៃល្អិតរលួយហើយដាច់ក្បែរៗដីវាជាប្រភេទជំងឺផ្សិត ។
  • ដំណាក់កាលស្ពៃកំពង់លូតលាស់ : គឺធ្វើស្លឹកស្ពៃរហែកជាជំរកៗ ហើយស្លោកស្ងួតពណ៍ស ឈ្មោះ Web blight of mustard វាបណ្ដាលមកពីភ្នាក់ងារបង្ករោគ Rhizoctonia solani វាកើតឡើងក្នុងលក្ខខ័ណ្ឌក្ដៅសើម
  • ដំណាក់កាលលូតលាស់ : ធ្វើអោយស្លឹកស្ពៃរលាកជាំពេញស្ពៃស្លឹក ដូចរលាកទឺកក្ដៅវាកើតលើប្រភេទស្ពៃជាច្រើន ។ ជំងឺនេះឈ្មោះ Turnip mosaic (TuMV) ជាប្រភេទជំងឺ Virus ។ ជំងឺនេះ ភាគច្រើបង្គឡើងដោយលក្ខខ័ណ្ឌដូចជាគ្រាប់ពូជមានជំងឺពីរដូវមុន ស្មៅលូតលាស់់ច្រើន និង ក្រុមសត្វល្អិតមួយចំនួនជាពិសេសគឺចៃបៃតងនិងមមាចជញ្ជក់ស្លឹក​   (Aphid and leaf hopper)
២-សត្វល្អិតសំខាន់ៗ
សត្វល្អិតសំខាន់ៗ លើដំណាំស្ពៃមាន៣ប្រភេទគឺ
  • ដង្កូវយោលទោង: ឈ្មោះ​Diamond back moth ដង្កូវប្រភេទនេះមានមាឌតូចៗពណ៍ខៀវដូចស្លឹកស្ពៃហើយស៊ីមកជាលិកាស្លឹកផ្នែកខាងក្រោម ការបំផ្លាញមានលក្ខណះជាក្រុមៗ ការបំផ្លាញខ្លាំងនៅរដូវក្ដៅជាពិសេសពីខែធ្នូដល់ខែមេសា ចំណែករដូវវស្សាវាពុំមានលក្ខណះធ្ងន់ធ្ងរឡើយដោយសារទឹកភ្លៀង ។ ទឹកភ្លៀងកមានឥទ្ធិពលធ្វើអោយការបង្កកំណើតរបស់វាមានកំរិតទាប ។
  • ដង្កូវហ្វូងឈ្មោះ Armyworm ដង្កូវប្រភេទនេះកើតពេញមួយឆ្នាំ ។ ការបំផ្លាញរបស់វាគឺស៊ីជាក្រុមៗកាត់ស្លឹកខ្លីៗឬ ចូលទៅជ្រកស៊ីក្នុងបណ្ដូលស្ពៃ វាមានមាឌធំហើយវែងៗ មេអំបៅរបស់វាចូលចិត្ដជ្រកក្នុងស្មៅក្រោមស្លឹកស្ពៃ និងពងដាក់លើស្លឹកស្ពៃផ្នែកខាងក្រោមស្លឹកជាសំបុកៗ ខ្លះមានស្បែកគំរបការពារពីលើពល ។ វាអាចមានអាយុ ៤០-៤៣ថ្ងៃ ហើយដឹកឌឿរបស់វាលាក់ខ្លួននៅក្នុងដីលើថ្នាលដំណាំ ។
  • សត្វទាគួ វាមានឈ្មោះ Striped flea beetle សត្វប្រភេទនេះមិនមែនជាដង្ហូវឡើយ គឺវាមានស្លាប់អាចលោតឬហោះហើរបានវាមានមាឌតូចៗ លក្ខណះជាហ្វូងៗ ការបំផ្លាញច្រើននៅរដូវក្ដៅ ជាពិសេសនៅពេលដីស្ងួតមានកំដៅវាអាចកីកើតមានរហ័ស ។
គេចែកការបំផ្លាញជា២បែបគឺ:
  • កូនទើបនឹងញាស់ វាស៊ីឬសស្ពៃនៅក្នុងដីធ្វើអោយឬសស្ពៃពុកបន្ថយការលូតលាស់យ៉ាងខ្លាំង ព្រោះមេចំណាស់របស់វាពងដាក់ក្នុងដីក្បែរគល់ស្ពៃ ហើយញាស់ស៊ីឬសស្ពៃតែម្ដង ។
  • មេចំណាស់ក្រោយពីវាញាស់មានស្លាបអាចហើរបានវាហើយទៅទុំលើស្លឹកស្ពៃហើយស៊ីទំលុះស្លឹកស្ពៃទទុះៗដូចស្បៃ ធ្វើអោយស្ពៃរញមពេលថ្ងៃ បន្ថយការលូតលាស់យ៉ាងខ្លាំង ហើយស្លឹកស្ពៃមិនអាចលក់បានតំលៃឡើយគឺក្រិន ។
៣-វិធានការការពារ
ការការពារជំងឺនិងសត្វល្អិត គេអាចអនុវត្ដបានច្រើនវិធីសាស្រ្ដដូចជា :
ការការពារជំងឺ
ការការពារជំងឺ អាចអនុវត្ដបានច្រើវិធីសាស្រ្ដដូចជា កំចាត់ស្មៅភ្ជួរហាលដីអោយស្ងួត ធ្វើគំរបការពារទឹកភ្លៀង ដាំដោយគ្រប់ចំបើងជ្រើសរើសពូជទន់ ជ្រើសរើសរដូវ ។ ល ។ និងអាចប្រើវិធានការគីមីដូចជាប្រភេទថ្នាំឈ្មោះ zined Maneb Mancozeb Captan Cooper hy droxide ដែលអាចយកមកលាយទឹកបាញ់ក្នុងកំរិត ១៥-២០g លាយទឹក ១៥-១៨លីត្រ បាញ់អោយជោគបន្ថយការស្រោចទឹក និង ស្រោចជីជាពិសេសលើជំងឺផ្សិត ។
ការការពារនិងកំចាត់សត្វល្អិត
ការការពារនិងកំចាត់សត្វល្អិត អាចអនុវត្ដបានច្រើនវិធីដូចជា ការជ្រើសរើសរដូវ ជ្រើសរើសរដូវ ជ្រើសរើសពូជការរៀបចំដីអោយស្អាតកំចាត់ស្មៅ ។ល។ ចំពោះវិធានការគីមី ប្រភេទសត្វល្អិតទាំងនេះមានតែដង្កូវយោលទោងមួយដែលពិបាកកំចាត់ព្រោះវាមានកំរិតធន់ទ្រាំទៅនឹងថ្នាំគីមីជាច្រើនប្រភេទ ។ ការកំចាត់សត្វល្អិតអោយមានប្រសិទ្ធភាព គីត្រូវពិនិត្យវត្ដមានសត្វល្អិតជាប្រចាំ ហើយត្រូវយល់ដឹងអោយច្បាស់អំពីសត្វល្អិតនីមួយៗ ជាពិសេសគឺមេអំបៅរបស់វានៅពេលល្ងាចថ្ងៃលិច ប្រសិនបើមានវត្ដមានមេអំបៅគឺ ២-៣ថ្ងៃក្រោយមកលេចចេញវត្ដមានការបំផ្លាញ ជាបន្ទាប់ ។ ការប្រើថ្នាំគីមីដូចជា Diamethoad ៦០EC Methilphosphate ៥០EC .Methylearbamete ៨៥WP និងប្រភេទថ្នាំ B1 យកមកលាយទឹកក្នុងកំរិត ៣០-៣៥cc ក្នុងទឹក១៥-១៨លីត្របាញ់ពេលល្ងាច ។
IV-ការប្រមូលផល Harvesting
ការប្រមូលផល ធ្វើឡើងតាមរបៀបផ្សេងៗគ្នា គេអាចដកទាំងឬស ឬ កាត់យកតែដើមគឺអាស្រ័យទៅតាមតំរូវការទីផ្សារ ។ ប៉ុន្ដែមុននិងកាត់ឬដកស្ពៃមិនត្រូវស្រោចទឹកឡើយ ទុកអោយស្លឹកស្ពៃស្ងួតការពារភាពជាំ ឬ កកិត ។ ស្ពៃនេះអាចដក ឬ កាត់បានក្រោយពីសាបរយះពេល ៣៥-៤៥ថ្ងៃ ឬ ក្រោយពីស្ទូង ២៨-៣៥ថ្ងៃ គឺនៅពេលស្ពៃចេញផ្កាក្រពុំៗ នៅក្នុងបណ្ដូល ។ ទិន្នផលមធ្យមចន្លោះពី ១៦-១៨T .Ha វាអាស្រ័យ ទៅលើការដាំដុះថែទាំនិងប្រភេទពូជ  ។រុមៗ ការបំផ្លាញខ្លាំងនៅរដូវក្តៅ។
ប្រភព : ស្ថានីយពូជបន្លែក្បាលកោះ សហការណ៍ជាមួយ កម្មវិធីបង្កើនគុណភាពផលិតផលកសិកម្ម

No comments:

Post a Comment