ការកែច្នៃ និងការស្ដុកទុក

Saturday, March 25, 2017

ដំណាំស្ពៃចង្កឹះ



ស្ពៃចង្កឹះជាដំណាំបន្លែមួយប្រភេទ ក្នុងចំណោមបន្លែស្លឹកជា​ច្រើនដែលកសិករ​យើង​ និយមចូលចិត្តដាំព្រោះវាជា បន្លែសាមញ្ញ មួយអាចយកមកប្រើប្រាស់ ក្នុងការ​ធ្វើម្ហូបអាហារបានច្រើនមុខដូចជាៈ ស្ល ឆា ស្ងោរ ជ្រក ។ល។ ដំបូងឡើយគេច្រើនតែដាំ​វា​​នៅក្នុងសួនបន្លែ លក្ខណៈ គ្រួសារតូចៗ តែបច្ចុប្បន្នស្ពៃចង្កឹះបានក្លាយទៅជា​ប្រភេទ​បន្លែ យ៉ាងពេញនិយមធ្វើឲ្យ កសិករយើងផលិតជាច្រើនតំបន់ ហើយដំណាំលាត​សន្ធឹង​លើផ្ទៃដីកាន់តែច្រើនឡើងៗ ទាំងរដូវប្រាំង និងរដូវវស្សសាជាទូទៅស្ពៃចង្កឹះ អាចលូត​លាស់​​បានស្ទើរគ្រប់រដូវ ប៉ុន្តែ នៅរដូវត្រជាក់វាលូតលាស់បានល្អជាងរដូវក្តៅ ហើយពុំ​សូវ​មានសត្វល្អិតចង្រៃស៊ីបំផ្លាញ ទៀតផង។
ប្រភេទបន្លែនេះអាចលូតលាស់បានលើដីគ្រប់ប្រភេទដូចជាៈ ដីខ្មៅដីក្រហម​​​​   ដី​ល្បាយ ខ្សាច់ និងដីល្បប់តាមមាត់ទន្លេព្រែក បឹង និងស្ទឹង ។ ជាពិសេសដីដែល​សំបូរ​ទៅដោយជាតិ អាសូត ធ្វើឲ្យដំនាំបន្លែដុះលូតលាស់លឿន ទទួលបានទិន្នផលខ្ពស់។ វាសំបូរទៅដោយ ជីវជាតិច្រើនដូចជាៈ ជាតិប្រូតេអ៊ីន វីតាមីនអា បេ សេ ព្រមទាំងជាតិ​រ៉ែ​ផ្សេងៗទៀតដូចជាៈ ជាតិកាល់ស្យូម ដែក ផូស្វ័រ និងជាតិប៉ូតាស្យូម ។ល។
១.ការជ្រើសរើសពូជ
ពូជជាកត្តាមួយយ៉ាងសំខាន់ ដែលអាចកំណត់ទិន្នផល ។ដូច្នេះយើងត្រូវការ​ស្គាល់​ពូជ ឲ្យបានច្បាស់លាស់មុនធ្វើការដាំដុះ។ នៅប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះ​បច្ចេក​វិទ្យា​​នៃការ បង្កាត់ពូជនៅមានកំរិតទាប ដូចនេះកសិករយើងតែងតែ ទុកពូជដោយខ្លួន​ឯងគឺជាពូជក្នុង ស្រុកពូជនេះពូជទាន់ទទួលបានទិន្នផលខ្ពស់ ដូចពូជបង្កាត់ឡើយ។​នៅប្រទេសកម្ពុជាយើង លក្ខខណ្ឌអាចទុកពូជបានគឺ នៅរដូវរំហើយចំពោះ​រដូវវស្សា​ការ​ទុកពូជមិនអាចធ្វើទៅបាន ទេព្រោះទឹកភ្លៀង និងអាកាសធាតុមានឥទ្ធិពលអាក្រក់​ដល់ការបន្តពូជរបស់ស្ពៃ។ គ្រាប់ពូជ ដែលត្រូវជ្រើសរើសយកមកដាំ ត្រូវមានលក្ខណៈ​ដូចខាងក្រោមៈ
  • ដុះលូតលាស់សមស្រប នឹងតំបន់ផលិត ហើយមិនប្រកាន់រដូវ
  • ផ្តល់ទិន្នផលខ្ពស់ រយៈពេលលូតលាស់ខ្លី
  • ពេញនិយម ក្នុងការប្រើប្រាស់លើទីផ្សារ
  • ធន់ទ្រាំនឹងជម្ងឺ សត្វល្អិតបំផ្លាញ
  • គ្រាប់ពូជសុទ្ធគ្មានជម្ងឺ សត្វល្អិតបំផ្លាញ ភាគរយដំណុះខ្ពស់
២.ការរៀបចំដី
ដំណាំបន្លែ ទាមទារការរៀបចំដីឲ្យបានល្អ គឺដីស្ងួតភ្ជួរអោយបានជ្រៅ រាស់បំបែកដី ឲ្យម៉ត់ ធ្វើយ៉ាងណាឲ្យដីធូរ ងាប់ស្មៅចង្រៃ និងសត្វល្អិតរស់នៅក្នុងដី ។ កាលណារៀប​ចំដី មិនបានត្រឹមត្រូវ បណ្តាលឲ្យកើតជម្ងឺ និងសត្វល្អិតបំផ្លាញច្រើនជានិច្ចជាកាល​ដំណាំ​ប្រភេទ នេះត្រូវការទឹកជាប្រចាំ ដូចនេះចំការស្ពៃត្រូវមានប្រភពទឹកគ្រប់គ្រាន់ សម្រាប់ស្រោចស្រព ទោះជាតំបន់ទំនាប់វាលរាប និងខ្ពង់រាបក៏ដោយ។
ក.ការរៀបចំថ្នាលសាបកូន
-  ការធ្វើថ្នាលសាបកូនៈរដូវប្រាំង យើងត្រូវជ្រើសរើសដីមានជីជាតិល្អ ឆ្ងាយពីម្លប់​ឈើ ស្ថិតនៅក្បែផ្ទះ និងមានរបងការពារត្រឹមត្រូវ។ ដំបូងត្រូវភ្ជួរនិងកាប់ដីឲ្យជ្រៅហាល​ដីឲ្យស្ងួត រយៈពេលពី ៣ទៅ ៧ថ្ងៃ ក្រោយពីដីស្ងួតហើយត្រូវវាយ ឬរាស់បំបែកដីឲ្យម៉ត់​លើកជាថ្នាល ដែលមានទទឹងពី ៦០ទៅ៨០ស.មកម្ពស់ពី១០ទៅ១៥សម​បណ្តោយផ្អែក​ទៅតាមស្ថានភាព ជាក់ស្តែងរបស់ដី ចន្លោះថ្នាលពី ៣០ទៅ៤០សមកៀរពង្រាបដីឲ្យ​ស្មើ​​ល្អធានារក្សាសំណើម បានយូរ ធ្វើឲ្យកូនស្ពៃលូតលាស់ស្មើគ្នាល្អ។
-  ការធ្វើថ្នាលសាបកូននៅរដូវវស្សា មិនខុសពីរដូវប្រាំងឡើយ តែយើងត្រូវរក​ទីកន្លែង ទួលខ្ពស់មិនជាំទឹក ក្រោយពេលភ្លៀងត្រូវភ្ជួរ ឬ កាបដីហាលឲ្យបានយូរថ្ងៃ ជាងរដូវប្រាំង ហើយ ត្រូវមានគំរបការពារភ្លៀងគ្របដីឲ្យស្ងួតចន្លោះពី៧ថ្ងៃ ជ្រួយដី​ហាល​ឲ្យបានច្រើនសារ បន្ទាប់មកលើកជារងឲ្យបានខ្ពស់ពី១៥​ទៅ២០ស.មទទឹង​ពី៨០ទៅ១០០ស.មចន្លោះពីថ្នាល មួយទៅថ្នាលមួយ ពី៣០ ទៅ ៤០ ស.ម ថ្នាលសាប​កូន​ត្រូវកៀវដីឲ្យបានស្មើរមាន ប្រឡាយបញ្ចេញទឹក។
ខ.ការរៀបចំដីសម្រាប់ស្ទូង
-  នៅរដូវវស្សាៈ ការរៀបចំថ្នាលសម្រាប់ស្ទូង គឺត្រូវភ្ជួរដីឲ្យបានជម្រៅពី១៥ទៅ​២០សម ហើយហាលដីឲ្យស្ងួតរយៈពេលពី៥ទៅ៧ថ្ងៃទើបរាស់បំបែក​ដីប្រមូលយក​ស្មៅចេញបន្ទាប់ មកហាលដីឲ្យបាន២ទៅ៣ថ្ងៃ។ ក្រោយមកទៀតភ្ជួរប្រែដី ហាលឲ្យ​បាន​រយៈពេល ៣ទៅ៥ ថ្ងៃទើបរាស់ និងកៀរឲ្យស្មើរល្អ។
-  របៀបលើករងៈ គេលើករង ដោយប្រើនង្គ័ល គោភ្ជួរផ្គុំគ្នា។ ម្យ៉ាងទៀតលើកដោយ ប្រើចបឆាយតាមបណ្តោយខ្សែបន្ទត់ ក្រោយពីភ្ជួរផ្គុំ ឬ លើកដោយចបហើយត្រូវកៀររង នីមួយៗឲ្យស្មើរគ្នា ក្បាលរងត្រូវឲ្យត្រឹមគ្នាដែលមានទទឹងពី ៨០ទៅ១០០ស.ម​បណ្តោយ ជាការេល្អត្រូវមានប្រវែង ១០-២០ ម៉ែត្រ កម្ពស់រងពី១៥ទី២០សម។
-  រដូវប្រាំងៈ ការរៀបចំដីស្ទូងនៅរដូវប្រាំង គឺធ្វើឡើងផ្សេងៗពីគ្នាទៅតាមប្រភេទដីនិង តំបន់ដាំដុះ នៅតំបន់ដីល្បប់តាមមាត់ទន្លេ ក្រោយពីទឹកស្រកផុត ដីចាប់ផ្តើមស្ងួត៥០%គេ ត្រូវភ្ជួរហាលដី ដោយនង្គ័លគោរយៈ​ពេល ទៅ៥ថ្ងៃក្រោយមករាស់បំបែកឲ្យម៉ត់និងធ្វើឲ្យ បានច្រើនលើកបន្ទាប់​មកហាល​ដីរយៈពេល២ទៅ ៣ថ្ងៃឲ្យដីស្ងួតងាប់ស្មៅហើយប្រមូលយក ស្មៅនិងសំរាមដុតចោល។ បន្ទាប់មកទៀតទើបភ្ជួរប្រែដីនិងរាស់ជាបន្តបន្ទាប់គឺឲ្យបានចំនួន ២ទៅ៣លើក ឲ្យម៉ត់​ល្មម និងធវើឲ្យទឹកជ្រាបបានរហ័ស។ ចំពោះដីមិនលិចទឹកត្រូវរាស់ ប្រមូលយកស្មៅ និងកាកសំណល់ផ្សេងៗចេញ បន្ទាប់មកចាក់ផ្តើមភ្ជួរហាលដីឲ្យបាន៣ទៅ ៤ថ្ងៃ ក្រោយ​ មកកិនបំបែកដីឲ្យម៉ត់ហើយរាស់ជ្រួយដីឲ្យធូរឡើងវិញទើបភ្ជួរប្រែដីនិងហាលដី ចោល​រយៈពេល ៥ទៅ៧ថ្ងៃ។ នៅពេលដីស្ងួតចាប់ផ្តើមភ្ជួររាស់ដីឲ្យស្មើរចំនួន២ទៅ៣លើក បន្ទាប់មកចាប់ផ្តើមលើករង ដែលមានទទឹងនិងបណ្តោយដូចគ្នាទៅនឹងរដូវវស្សា​ប៉ុន្តែ​កម្ពស់ រងពី១០ទៅ១៥ស.ម។ រងនីមួយៗត្រូវមានស.មភាពស្មើគ្នា។
៣.បច្ចេកទេសដាំដុះ
ដំនាំស្ពៃចង្កឹះគេអាចដាំបានពី ២វិធីគឺៈ ការសាបកូនហើយដកទៅស្ទូងនិងការព្រួស ដោយគ្រាប់ផ្ទាល់ក៏បាន។
ក.របៀបសាបគ្រាប់ពូជ
មុនពេលសាបគ្រាប់ពុជត្រុវយកជីកំប៉ុស្តឬជីលាមកសត្វចំនួន២បង្កី ឫ៣០គក្រទៅ​បាច លើថ្នាលដែលមានផ្ទៃដី ១០ទៅ១៥ម២ រួចហើយយកជី១៥.១៥.១៥ចំនួន​២០០​ក្រាម​ឬប្រាំ ស្លាបបាយ និងថ្នាំFuradan 3H ចំនួន៥០ក្រាមទៅបាចពីលើថ្នាល​ហើយ​រាស់​លុបទៅក្នុងដី ក្រោយមកស្រោចទឹកឲ្យជោគគ្រាប់ពូជត្រូវយកមក​ត្រាំជាំមួយទឹក​ ដែលបានលាយជាមួយថ្នាំ Captan៥ក្រាមលាយជាំមួយទឹក១លីត្រត្រំារយៈពេល​១០នាទី​ បន្តាប់មកស្រង់ហាលគ្រាប់ឲ្យ ស្រស់ទឹកទើបយកទៅសាប។ ត្រូវប្រើគ្រាប់​ពូជចំនួនពី១៥ទៅ១៦ក្រាម ឬ១សា្លបព្រាបាយ ក្នុងផ្ទៃដី ១០ម៉ែតការេ។
ក្រោយសាបរួចហើយព្រាចកំណាត់ចំបើងស្ងួតខ្លីៗ ឲ្យពេញលើថ្នាលហើយស្រោច ទឹកឲ្យជោគ ទើបគ្របស្លឹកចេកពីលើ បន្ទាប់មកស្រោចទឹករាស់ថ្ងៃ គឺមួយថ្ងៃ ២លើក ព្រឹក ល្ងាច។ រយៈពេលក្រោយសាបចំនួន២យប់ត្រូវបកស្លឹកចេកនោះ​ចេញពេល​នោះកូនស្ពៃ ចាប់ផ្តើមដុះ។
ខ.របៀបស្ទូង
ក្រោយពីសាបរយៈពេល ១៤ទៅ១៦ថ្ងៃ កូនស្ពៃមានសន្លឹក ៣កម្ពស់ពី ៨ទៅ១០សម កេអាចដកកូនស្ពៃទៅ ស្ទូងបាន ។ នៅមុនពេលដកកូនស្ពៃត្រូវស្រោចទឹកឲ្យជោគ​រយៈ​ពេល ២០ទៅ៣០នាទី ចំពោះថ្នាលសម្រាប់ស្ទួងដំបូងត្រូវយកជីធម្មជាតិ​ពុកផុយល្អ​ចំនួន​២បង្គី ស្មើ នឹង៣០គក្រ ជី១៥-១៥-១៥ចំនួន ២០ឥ ក្រាមស្មើនឹង២ខាំទៅបាច​លើ​រងប្រវែង១០ទៅ១៥ ម ហើយរាស់លុបទៅក្នុងដី បន្ទាប់មកស្រោចទឹកឲ្យជោគ​ទើបស្ទូង​តាមក្រោយ។ ជាការល្អ ត្រូវស្ទូងពេលថ្ងៃរសៀលត្រជាក់។ រីឯចន្លោះគុម្ព និងចន្លោះជួរ​ដែលត្រូវស្ទូងគឺ២៥X២៥សម ក្រោយស្ទូង ហើយត្រូវស្រោចទឹកឲ្យជោគ។ ដើម្បីបន្ថយ​កំដៅ​ដីនិងការពារការហាប់ដីព្រម ទាំងអាចរក្សាសំណើមដីបានយូរ ចំាបាច់ត្រូវព្រាស់​ចំបើងស្ងួតឲ្យសព្វល្អពេលើផ្ទៃរងហើយ ស្រោចទឹក៣ ដងក្នុង១ថ្ងៃ ស្រោចក្នុងរយៈពេល​៣ ថ្ងៃក្រោយស្ទូង។
គ.របៀបដាំដោយសាបគ្រាប់ផ្ទាល់
ក្រោយពីការរៀបចំរងហើយ ត្រូវយកជីកំប៉ុស្ត និងជី ១៥ ១៥ ១៥ ចំនួនដូចខាងលើ មកព្រាចលើថ្នាល ហើយរោយថ្នាំ Furadan 3H ចំនួន ៣ ស្លាបព្រាបាយហើតរាស់​លុប​ទៅ ក្នុងដី បន្ទាប់មកស្រោចទឹកឲ្យជោគ ។ ចំពោះគ្រាប់ពូជដែលត្រូវយកមកព្រួស​ត្រូវ​ព្រួស​ឲ្យ រង្វើលៗ ក្នុងកំរិតកន្លះស្លាបព្រាបាយ ស្មើនឹង ៨ ក្រាមលើផ្ទៃថ្នាល ១០ម២។ ក្រោយពីព្រួស ហើយត្រូវ ព្រាចកំណាត់ចំបើងស្ងួតពីលើទបស្រោចទឹកតាមក្រោយ។ ដើម្បីឲ្យកូនស្ពៃ ដុះស្មើគ្នាល្អ រយៈពេល២តៅ៣ ថ្ងៃដំបូង ត្រូវស្រោចទឹក៣ ដងក្នុង១ថ្ងៃ។ ក្រោយពេល កូនស្ពៃដុះបានរយៈពេល ៧ទៅ១០ ថ្ងៃគេ ត្រូវដក រំលោះកូនស្ពៃចេញខ្លះ​នៅត្រង់កន្លែង ដែលញឹកពេក គឺត្រូវរក្សាចំនួនដើមស្ពៃត្រឹមតែ ២០ ទៅ ២២ដើម/ម២។
៤.ការថែទាំ
ក.ការស្រោចស្រព
ការស្រោចស្រពអាចធ្វើបានច្រើនរបៀបគឺ ស្រោចដោយប៉ោតមួយថ្ងៃស្រោច​២​លើក ព្រឹកល្ងាច ដំណាំស្ពៃចង្កឹះមិនត្រូវការទឹកច្រើនពេកទេតែវាត្រូវការ​ជាំប្រចំារៀង​ រាល់ថ្ងៃ។ បច្ចុប្បន្នកសិករអាចស្រោចស្រពដោយម៉ាស៊ីនគឺ ដាក់ជំពួយផ្កាឈូកបាញ់​ឲ្យជោគ១ថ្ងៃម្តង តែវីធីនេះធ្វើឲ្យដីឆាប់ហាប់កាលណាគេស្រោចដោយ​ម៉ាស៊ីនបាញ់​ចាំបាច់​ ត្រូវគ្របចំបើង ឲ្យក្រាស់។
ខ. កាដាក់ជី
ស្ពៃចង្កឹះជាបន្លែដែលត្រូវការជាចាំបាច់នូវជីជាតិ អាសូត ផូស្វាតនិង ប៉ូតាស្យូមប៉ុន្តែ សេចក្តីត្រូវការនេះត្រូវបែងចែកទៅតាមដំណាក់កាលលូតលាស់របស់វា។ ប្រភេទបន្លែ​ស្លឹក ត្រូវការជាតិអាសូតច្រើនជាងគេដូច្នេះការដាក់ជីត្រូវធ្វើឡើងដោយ​អនុលោមទៅ​ តាមប្រភេទ ដីអាយុកាល និងប្រភេទជី។ ក្រោយសាបបានពី១០ទៅ១២ថ្ងៃ​ត្រូវយក​ជីអ៊ុយរ៉េចំនួន១ស្លាប ព្រាបាយលាយទឹក២០លីត្រស្រោចលើផ្ទៃរង១០ទៅ​១៥ម២រយៈ​ពេលមួយសប្តាហ៍ម្តងៗ។
គ. ការសំអាតស្មៅជ្រំដីពួនគល់
ស្មៅជាកត្តាចង្រៃយ៉ាងច្រើនគឺ វាជាជម្រកសត្វល្អិត ដណ្តើមទឹក ពន្លឺ និងជីជាតិពី ដំណាំ។ អ្នកត្រូវដកស្មៅចេញដោយប្រើកូនចបតូចៗ រយៈពេលពី ៧ទៅ ១០ថ្ងៃ ក្រោយ សាប ឬស្ទូង ត្រូវដកស្មៅជ្រំជ្រួយដី ឲ្យធូរ ដើម្បីរក្សាសំណើមបានល្អ។ មួយអាយុកាល របស់ស្ពៃអ្នកអាច ដកស្មៅចំនួន ២ទៅ ៣ លើក ។ ចំពោះការជ្រំជ្រួយដីធ្វើឡើងតែមួយ លើកតែប៉ុណ្ណោះ។
ឃ. អំពីសត្វល្អិត និង វិធានការការពារៈ
អំពីជម្ងឺសំខាន់ៗ
ជម្ងឺដែលតែងតែកើតលើដំណាំស្ពៃចង្កឹះភាគច្រើនជាជម្ងឺផ្សិត និងជម្ងឺបាក់តេរី។ ជម្ងឺ នេះធ្វើឲ្យស្លឹកស្ពៃមានចំណុចអុចសៗហើយស្ងួតព្រមទាំងរលួយស្លឹកផ្នែកខាងលើក្រោយមក រីករាលពាសពេញផ្ទៃរង កូនស្ពៃជម្ងឺរលួយគល់ ស្ពៃដែលបណ្តាលមកពីបាក់តេរី​ភាគ​ច្រើន ធ្វើឲ្យរលួយធាងស្ពៃក្បែរដីនិងគល់។ លក្ខខណ្ឌដែលបណ្តាលឲ្យកើត​ជម្ងឺនេះ​គឺអាកាសធាតុ ក្តៅខ្លាំង ដីសើម ភ្លៀងធ្លាក់ច្រើន។
វិធានការការពារ និងកំចាត់
ត្រូវស្ទូងឲ្យរង្វើល ហាលដីឲ្យស្ងួតមុននឹងស្ទូងលាយ ថ្នាំនឹងគ្រាប់ពូជ មុនពេល សាប ដក ចោលហើយបាញ់ថ្នាំផ្សិតប្រភេទ Captan ឬBenomy1 កំរិតប្រើពី ២០ ទៅ ២៥ ក្រាម លាយទឹក ១៥ ទៅ ២០ លិត្រ មួយសប្តាហ៍ បាញ់ ២ដងហើយបន្ថយការ ស្រោចទឹកនិង ដាក់ជី ។
ង. អំពីសត្វល្អិត
ដង្កូវយោលទោង
ដង្កូវប្រភេទនេះជាសត្រូវបំផ្លាញយ៉ាងខ្លាំងចំពោះដំណាំអំបូរស្ពៃជាពិសេសនៅរដូវ ប្រាំចាប់ពីខែធ្នូ ឬខែកុម្ភៈ រហូតដល់ខែមេសា។ វាស៊ីក្លរូភីល ដោយទុកតែភ្នាសសៗពេញ លើផ្ទៃស្លឹក មេអំបៅ វាតែងចេញមកពងនៅពេលយប់ នៅផ្នែកខាងលើស្លឹករយៈ​ពេល​២០ ទៅ ២៥ម៉ោង វានឹងញាស់បន្ទាប់មកចាប់ផ្តើមស៊ីបំផ្លាញ។
សត្វចាគូៈ ដំបូងជាមេចំណាស់ ពងដាក់លើដី ក្បែរគល់ដំណាំ ក្រោយពីពងរយៈពេល៣៥ទៅ ៤២ម៉ោងវានឹងញាស់ហើយចាប់ផ្តើមស៊ីឫសស្ពៃនៅក្នុងដីជាដំណាក់កាលដង្កូវរយៈពេល ១សប្តាហ៍ក្រោយមកវាចាប់ផ្តើមញាស់ទៅជាសត្វចាគូហើយហើរជាហ្វូងៗមកចោះជញ្ជក់ ស្លឹកធ្វើឲ្យស្លឹកស្ពៃធ្លុះលែងលូតលាស់។ លក្ខណៈរូបរបស់វាមានមាឌតូចស្លាបពណ៌ស ឬ លឿងអមបណ្តោយស្លាបប្រវែងមិនលើសពី២ម.ម។
ដង្កូវកាត់ដើមៈ មេអំបៅហើរពងដាក់គែមស្លឹក ក្បែរដី ក្រោយពីវាញាស់កូនដង្កូវទម្លាក់​ខ្លួនចូល​ទៅ​ក្នុង ដីនៅពេលយប់ ដង្កូវចេញពីដីហើយកាត់បំផ្លាញគល់ស្ពៃឬស្លឹកស្ពៃ។ ការបំផ្លាញ​របស់​ដង្កូវ ប្រភេទនេះធ្វើឲ្យបាត់បង់ចំនួនដើមជាច្រើនក្នុងមួយថ្នាលៗ។
ចៃបៃតងៈ ចៃប្រភេទជញ្ជក់យករុក្ខរសពីស្លឹកស្ពៃ ធ្វើឲ្យស្ពៃរួញលែងលូតលាស់។ សញ្ញា​សំគាល់ នៅពេលមានចៃនៅក្នុងចំការគឺ មានស្រមោចឡើង។
វិធានការការពារ និងកំចាត់
វិធានការការពារតាមបែបជីវសាស្រ្តៈ ត្រូវជ្រើសរើសរដូវដំាដុះរៀបចំឲ្យបានល្អកំចាត់ ស្មៅស្រោចទឹកជាប្រចំាស្ទូង​តាមចន្លោះ​គុម្ពតាមការកំណត់ ឆ្លាស់មុខដំណាំប្រើវិធានការចំរុះ ការពារដំណាំ។ វិធានការកំចាត់​តាមបែបប្រើថ្នាំគីមីមានថ្នំាពុលជាច្រើនប្រភេទដែលត្រូវយក មកប្រើ ដើម្បីកំចាត់សត្វ​ល្អិតដូចជាថ្នាំ បេតេ (BT), វិតាហ្គ្រូ(Vitagro),ឌីភិល(Dipel), ហ្វូបបាក់ (Florback), សេដាប់បែលយូឌី (Cwd), សង់ដីរ(Zandor)សម្រាប់តែដង្កូវយោលទោង។ ក្រៅពីនេះ​គេ​ប្រើថ្នាំ ហ្វុយរ៉ាដង់ (Furadan 3H) មកបាចដោយប្រើក្នុងកំរិត ១៥០ ក្រាមលើ​ផ្ទៃដី ១០ទៅ ១៥ ម២ មុននឹងបាចត្រូវស្រោចទឹកឲ្យជោគជាមុន។
៥.ការបន្សុទ្ធពូជ និងទុកពូជៈ
ការបន្សុទ្ធពូជៈ
ដើម្បីឲ្យការផលិតនឹងរក្សាពូជស្ពៃចង្កឹះ នៅតែសុទ្ធល្អ អ្នកដាំដុះត្រូវអនុវត្តន៍ដូចជាៈ
-  ស្ទូងស្ពៃចង្កឹះឲ្យរង្វើលចន្លោះគុម្ព ៤០x៤០ សម នៅពេលស្ពៃកំពុងលូតលាស់ត្រូវ ពិនិត្យពណ៌នៃធាង ស្លឹកទ្រង់ទាយធាង ស្លឹកមូល ទ្រវែងធាងពណ៌បៃតងខ្ចី​ធំផ្នែកខាង​គល់ ផ្នែកកធាងស្លឹករលាង ឈរត្រង់ អាយុចេញផ្កាក្រោយស្ទូងបានចំនួនពី​៣៧ទៅ​៤០ថ្ងៃ​ចំនួន ធាងសរុបពី១៤ទៅ១៦ធាង។បន្ទាប់មកទៀតត្រូវដាក់ផ្លាក់​សំគាល់របស់​ដើមនីមួយៗដោយ ឡែកពីគ្នា។
-  នៅពេលស្ពៃចង្កឹះចាប់ផ្តើចចេញផ្កាដំបូងត្រូវបន្ថែមជី ១៥ ១៥ ១៥ ចំនួន២៥០ទៅ ៣០០ ក្រាមលើផ្ទៃដី ១០ ទៅ ១៥ម២ នៅតាមចន្លោះគុម្ព ហើយស្រោចទឹកអោយជោគ ជារៀងរាល់ថ្ងៃ រហូតដល់ផ្លែស្ពៃចាប់ផ្តើមទុំបានប្រមាណ ៥០% នៃចំនួនផ្លែក្នុងស្មែង​ទើប ទើបផ្អាកការស្រោចទឹក។
៦-ការប្រមូលផល
ការប្រមូលផលសម្រាប់ធ្វើបន្លែ គេអាចធ្វើការប្រមូលផលបាននៅពេលស្ពៃ​អាយុ​ក្រោម ១ខែ តែចំពោះការប្រមូលផលសម្រាប់ទុកពូជគឺត្រូវច្រូតយកដើម ស្ពៃមកហាល​ថ្ងៃឲ្យស្ងួត បន្ទាប់មកធ្វើការបោកបែន សំអាតគ្រាប់ ហើយហាលថ្ងៃអោយស្ងួត​រយៈ​ពេល​​២ទៅ ៣ថ្ងៃ ទើបច្រកចូលដប កញ្ចប់ក្រដាស់ ឬកញ្ចប់ក្រដាស់អាលុយមីញ៉ូម បិតជិតរក្សាទុកនៅកន្លែង ដែលមានអាកាសធាតុត្រជាក់ធម្មតា ហាមត្រូវកំដៅថ្ងៃ​និង​សើម។ ដប់និងកញ្ចប់នីមួយៗត្រូវ តែដាក់ឈ្មោះអោយបានត្រឹមត្រូវ។
ការទុកដាក់ពូជៈ
ដើម្បីអោយគ្រាប់ពូជល្អ រក្សាដំណុះបានយូមិនត្រូវហាលនៅក្រោម​កំដៅថ្ងៃផ្ទាល់​ឡើយ គឺហាលនៅក្រោមកំដៅដែលមានសំណាញ់ជារបាំងការពារកំដៅ។ ជាពិសេស​អ្នកហាលត្រូវ នៅក្រោមខ្យល់ឮស្ងួត។ ឧបករណ៍ទុកដាក់ពូជប្រភេទសម្ភារៈមិន​ចម្លង​សំណើមដូចជាៈ ដប កែវបិទជិត ក្រដាស់អាលុយមីញ៉ូម ក្រោយពីច្រកហើយត្រូវបិទ​ផ្ជិតមាត់ភ្លាមហើយត្រូវយក ទៅរក្សាទុកក្នុងកន្លែដែលមានកំដៅថេរល្អ ស្ងួត ពន្លឺថ្ងៃមិន​អាចចាំងចូលបាន។

No comments:

Post a Comment