Friday, March 24, 2017

ដាំ​ណាំស្ពៃ​ខ្មៅ

ដាំ​ណាំ ស្ពៃ​ខ្មៅ មាន​ដើមកំណើត​នៅ​ប្រទេស​ចិន​ភាគ​កណ្ដាល ។ ស្ពៃ​នេះ​មាន​ដាំ​ច្រើន​នៅ​ប្រទេស​ចិន​ភាគ​កណ្ដាល បន្ទាប់មក​នៅ ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម និង​ប្រទេស​ឥណ្ឌា​ភាគ​ខាងលិច ។ ចំណែក​នៅ​ប្រទេស​កម្ពុជា​វិញ សព្វថ្ងៃ​មាន​ដាំ​ច្រើន នៅ​ខេត្តកណ្ដាល តាម​តំបន់​មាត់ទន្លេ ។​
​ផលប្រយោជន៍​
​ដោយសារ​ស្ពៃ​ខ្មៅ​មាន​សារធាតុ​ទ្រទ្រង់​សារពាង្គកាយ​ច្រើន​ដូចជា​: ប្រូតេអ៊ីន វីតាមីន​អា បេ បេ​អង បេ​ឌូ វីតាមីន​សេ ជាតិ​ដែក កាល់ស្យូម និង​សារធាតុ​ផ្សេងៗ ច្រើន​ទៀត​នោះគេ​យក​ស្ពៃ​ខ្មៅ​ធ្វើជា​ម្ហូបអាហារ​សំរាប់​បរិភោគ​ដូចជា ស្ងោរ ឆា ។​ល​។​
​លក្ខណៈ​ទូទៅ​របស់​ដំណាំ​
​ស្ពៃ​ខ្មៅ ជា​ដំណាំ​យក​ស្លឹក​ម្យ៉ាង​ដែលមាន​ស្លឹក​លាត ជ្រួញ ក្រាស់ ពណ៌​បៃតង មិន​ក្ដោប​ចូល​ដូចជា​ស្ពៃក្ដោប​ទេ ។ ដើម​របស់​វា​មាន​កំពស់​ពី ២​តឹក ទៅ ៦​តឹក មាន​រសជាតិ​ល្វីង​តិចៗ នៅពេលដែល​យើង​ស្ងោរ​បរិភោគ ។​
ការ​ដុះ​លូតលាស់​
​បើ​យើង​យក​គ្រាប់​ទៅ​ដាំ ស្ពៃ​ខ្មៅ​អាច​ដុះ​ពន្លក​ក្នុង​រយៈពេល​ពី ៣​ទៅ ៥ ថ្ងៃ​ក្រោម​សីតុណ្ហភាព​ពី ២០ ទៅ ២៥​អង្សា​សេ និង​ដី​មាន​សំណើម​គ្រប់គ្រាន់ ។ គេ​អាច​ប្រមូល​ផល​ស្ពៃ​ក្នុង​រយៈពេល​ពី ៤០ ទៅ ៨០ ថ្ងៃ​ក្រោយពី​ដាំ ។ រយៈពេល​ប្រមូល​ផល​នេះ វា​អាស្រ័យទៅលើ​ពូជ​ល័ក្ខខ័ណ្ឌ​អាកាសធាតុ និង​បច្ចេកទេស​ដាំ​ដុះ​ផងដែរ ។​
ល័ក្ខខ័ណ្ឌ​អាកាសធាតុ​
ស្ពៃ​ខ្មៅ​ដុះ​លូតលាស់​ល្អ​នៅ​សីតុណ្ហភាព​ពី ២០ ទៅ​២៥ អង្សា​សេ (​អាកាសធាតុ​ត្រជាក់​ល្មម​) ជាពិសេស​រដូវរំហើយ​នៅ​ស្រុក​ខ្មែរ ។ ស្ពៃ​ខ្មៅ​ត្រូវការ​ដុះ​នៅក្រោម​ពន្លឺ​ថ្ងៃ​ពេញ ។ ចំពោះ​ដី​វ​ញ​វា​ត្រូវការ ដីល្បាប់​ល្បាយខ្សាច់ ជាពិសេស​ដី​ដែល​ជ្រាប​ទឹកបាន​ល្អ ។​
ការបន្ត​ពូជ និង​ការដាំ​
​ស្ពៃ​ខ្មៅ​បន្ត​ពូជ​ដោយ​គ្រាប់ គេ​អាច​ដាំ​គ្រាប់​ផ្ទាល់​តែម្ដង ឬ​អាច​សាប​គ្រាប់​ដក​កូន​ស្ទូង​ក៏បាន គឺ​អាស្រ័យ​ទៅតាម​តំបន់​ដាំ​ដុះ ។ ក្រោយពី​សាប​ហើយ ត្រូវ​ប្រើ​ចំបើង​គ្រប​លើ​រង​ដើម្បី​ការពារ​សំណើម​ឲ្យ​មាន​ជាប់​ជាប្រចាំ គ្រាប់​នឹង​ឆាប់​ដុះ ។ នៅពេល​នេះដែរ​យើង គួរ​ស្រោច​ទឹក​ឲ្យ​បាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ ដើម្បី​ជួយ​បង្កើន​ការ​ដុះ​លូតលាស់​របស់​កូន​ស្ពៃ ។
​ក្រោយពី​សាប​បាន ២ ទៅ ៣ អាទិត្យ​កូន​ស្ពៃ​អាច​ដកយក​ទៅ​ស្ទូង​បាន ។ ការ​ស្ទូង​គួរ​ទុកចន្លោះ​គុម្ព​ពី ២ ទៅ ២ តឹក​កន្លះ ។ ស្ពៃ​ខ្មៅ​អាច​ដុះ​លូតលាស់​លឿន​ណាស់​នៅពេល​ដែលមាន​សំណើម និង​ជីវជាតិ​គ្រប់គ្រាន់ ។ ដូច្នេះ​យើង​គួរប្រើ​ជី​កំ​ប៉ុ​ស្ត​ឲ្យ​បាន​ច្រើន គឺ​ពី ១០ ទៅ ១៥ តោន ក្នុង ១ ហិកតា (​ឬ ១ ទៅ ១,៥ គីឡូក្រាម ក្នុង​មួយ​ម៉ែត​ការ៉េ ) ក្នុងដំណាក់កាល​លូតលាស់​យើង​អាច​ប្រើ​ជី​កំ​ប៉ុ​ស្ត ទឹក​បំប៉នបន្ថែម ។​
ការប្រមូល​ផល​​
​ស្ពៃ​ខ្មៅ អាច​ប្រមូល​ផល​សំរាប់​បរិភោគ ឬ​លក់​ក្នុង​រយៈពេល ៤០ ថ្ងៃ​បន្ទាប់ពី​ដាំ គឺ​មុនពេល​ស្ពៃ​ចេញ​ផ្កា ។ ការប្រមូល​ផល​លក់​ត្រូវ​ដក​ទាំង​ឫស ដើម្បី​កុំ​ឲ្យ​ស្លឹក​ស្ពៃ​ឆាប់​ស្វិត​ស្រពោន៕
ប្រភព៖ agritoday.com

No comments:

Post a Comment