Saturday, March 25, 2017

ការយល់ដឹងទូទៅអំពីថ្នាំកសិកម្ម


១. ថ្នាំកសិកម្មជាអ្វី?
ថ្នាំកសិកម្ម គឺជាអង្គធាតុរ៉ែ និងជាអង្គធាតុសរីរៈទោល ឬសមមាសដែលកសិករបានប្រើប្រាស់ដើម្បីៈ
  • សម្លាប់ កម្ចាត់ ទាក់ទាញ និងបណ្តេញចេញនូវកត្តាចង្រៃទាំងឡាយដូចជាៈ ដង្កូវ កណ្តុរ ខ្យង ស្មៅ ចៃ សត្វល្អិតផ្សេងៗ និងសរីរាង្គមានជីវិតដ៏ទៃទៀត ដែលជាកត្តាបំផ្លាញដំណាំកសិផល និងស្បៀងរក្សាទុក
  • ប្រឆាំង និងការពារបាននូវជំងឺមួយចំនួន ដែលបង្កឡើងដោយ ផ្សិត បាក់តេរី ណេម៉ាតូត និងវិរុស
  • សម្របសម្រួលដល់ការលូតលាស់របស់ដំណាំ ជម្រុះស្លឹក សម្ងួតដើមរុក្ខជាតិ។ (លោក ងិន ឆាយ របាយការណ៍ ខែ តុលា ឆ្នាំ ២០០៤)
២. ចំណាត់ថ្នាក់ភាពពុលតាមអង្គការសុខភាពពិភពលោក (WHO Toxicity Classification) 
ថ្នាំកសិកម្មដែលបានចែកចំណាត់ថ្នាក់ដោយយោងទៅតាមភាពពុលនៃធាតុគីមីរបស់ថ្នាំកសិកម្ម។ ការពុលអាចចូលតាមមាត់ (Oral) និងជ្រាបចូលតាមស្បែក (Dermal) ទៅតាមលក្ខណៈរូបរបស់ថ្នាំ។ កំរិតពុលរបស់ថ្នាំកសិកម្ម (LD50%) គឺជាការបង្ហាញពីកំរិតថ្នាំកសិកម្មក្នុងបរិមាណមួយកំណត់ ដែលអាចសំលាប់សត្វ ដែលគេយកមកធ្វើការសាកល្បងបាន ៥០% កាលណាវាលេបចូលតាមមាត់ ឬជ្រាបចូលតាមស្បែក ពោលគឺវាបង្ហាញពីបរិមាណថ្នាំគិតជាមីលីក្រាម ក្នុង ១គីឡូក្រាមនៃទំនង់សត្វ ដែលយកមកធ្វើការសាកល្បងនោះ (លោក ងិន ឆាយ កិច្ចការពារដាំណាំ ១៩៩៧)។ បើកំរិតពុលរបស់ថ្នាំកសិកម្មកាន់តែខ្លាំង នោះ LD50% របស់វាកាន់តែទាប។
៣. បែបបទទូទៅនៃសកម្មភាពថ្នាំកសិកម្ម (General models of action of Pesticides) 
ដើម្បីប្រើប្រាស់ថ្នាំកសិកម្មអោយបានត្រឹមត្រូវ សមស្របតាមពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការកម្ចាត់ភ្នាក់ងារចង្រៃ និងដើម្បីកាត់បន្ថយឥទ្ធិពលអាក្រក់នៃផលប៉ះពាល់របស់ថ្នាំកសិកម្មទៅលើសុខភាពមនុស្ស សត្វមានប្រយោជន៍ និងបរិស្ថាននោះចាំបាច់ត្រូវតែយល់ដឹងអោយបានច្បាស់នូវបែបបទនៃសកម្មភាពរបស់ថ្នាំកសិកម្ម ដែលបានជ្រើសរើសយកមកប្រើប្រាស់។
ប្រភព : ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

No comments:

Post a Comment