ដាំណាំ ស្ពៃខ្មៅ មានដើមកំណើតនៅប្រទេសចិនភាគកណ្ដាល ។ ស្ពៃនេះមានដាំច្រើននៅប្រទេសចិនភាគកណ្ដាល បន្ទាប់មកនៅ ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម និងប្រទេសឥណ្ឌាភាគខាងលិច ។ ចំណែកនៅប្រទេសកម្ពុជាវិញ សព្វថ្ងៃមានដាំច្រើន នៅខេត្តកណ្ដាល តាមតំបន់មាត់ទន្លេ ។
ផលប្រយោជន៍
ដោយសារស្ពៃខ្មៅមានសារធាតុទ្រទ្រង់សារពាង្គកាយច្រើនដូចជា: ប្រូតេអ៊ីន វីតាមីនអា បេ បេអង បេឌូ វីតាមីនសេ ជាតិដែក កាល់ស្យូម និងសារធាតុផ្សេងៗ ច្រើនទៀតនោះគេយកស្ពៃខ្មៅធ្វើជាម្ហូបអាហារសំរាប់បរិភោគដូចជា ស្ងោរ ឆា ។ល។
ដោយសារស្ពៃខ្មៅមានសារធាតុទ្រទ្រង់សារពាង្គកាយច្រើនដូចជា: ប្រូតេអ៊ីន វីតាមីនអា បេ បេអង បេឌូ វីតាមីនសេ ជាតិដែក កាល់ស្យូម និងសារធាតុផ្សេងៗ ច្រើនទៀតនោះគេយកស្ពៃខ្មៅធ្វើជាម្ហូបអាហារសំរាប់បរិភោគដូចជា ស្ងោរ ឆា ។ល។
លក្ខណៈទូទៅរបស់ដំណាំ
ស្ពៃខ្មៅ ជាដំណាំយកស្លឹកម្យ៉ាងដែលមានស្លឹកលាត ជ្រួញ ក្រាស់ ពណ៌បៃតង មិនក្ដោបចូលដូចជាស្ពៃក្ដោបទេ ។ ដើមរបស់វាមានកំពស់ពី ២តឹក ទៅ ៦តឹក មានរសជាតិល្វីងតិចៗ នៅពេលដែលយើងស្ងោរបរិភោគ ។
ការដុះលូតលាស់
បើយើងយកគ្រាប់ទៅដាំ ស្ពៃខ្មៅអាចដុះពន្លកក្នុងរយៈពេលពី ៣ទៅ ៥ ថ្ងៃក្រោមសីតុណ្ហភាពពី ២០ ទៅ ២៥អង្សាសេ និងដីមានសំណើមគ្រប់គ្រាន់ ។ គេអាចប្រមូលផលស្ពៃក្នុងរយៈពេលពី ៤០ ទៅ ៨០ ថ្ងៃក្រោយពីដាំ ។ រយៈពេលប្រមូលផលនេះ វាអាស្រ័យទៅលើពូជល័ក្ខខ័ណ្ឌអាកាសធាតុ និងបច្ចេកទេសដាំដុះផងដែរ ។
ល័ក្ខខ័ណ្ឌអាកាសធាតុ
ស្ពៃខ្មៅដុះលូតលាស់ល្អនៅសីតុណ្ហភាពពី ២០ ទៅ២៥ អង្សាសេ (អាកាសធាតុត្រជាក់ល្មម) ជាពិសេសរដូវរំហើយនៅស្រុកខ្មែរ ។ ស្ពៃខ្មៅត្រូវការដុះនៅក្រោមពន្លឺថ្ងៃពេញ ។ ចំពោះដីវញវាត្រូវការ ដីល្បាប់ល្បាយខ្សាច់ ជាពិសេសដីដែលជ្រាបទឹកបានល្អ ។
ការបន្តពូជ និងការដាំ
ស្ពៃខ្មៅបន្តពូជដោយគ្រាប់ គេអាចដាំគ្រាប់ផ្ទាល់តែម្ដង ឬអាចសាបគ្រាប់ដកកូនស្ទូងក៏បាន គឺអាស្រ័យទៅតាមតំបន់ដាំដុះ ។ ក្រោយពីសាបហើយ ត្រូវប្រើចំបើងគ្របលើរងដើម្បីការពារសំណើមឲ្យមានជាប់ជាប្រចាំ គ្រាប់នឹងឆាប់ដុះ ។ នៅពេលនេះដែរយើង គួរស្រោចទឹកឲ្យបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ ដើម្បីជួយបង្កើនការដុះលូតលាស់របស់កូនស្ពៃ ។
ក្រោយពីសាបបាន ២ ទៅ ៣ អាទិត្យកូនស្ពៃអាចដកយកទៅស្ទូងបាន ។ ការស្ទូងគួរទុកចន្លោះគុម្ពពី ២ ទៅ ២ តឹកកន្លះ ។ ស្ពៃខ្មៅអាចដុះលូតលាស់លឿនណាស់នៅពេលដែលមានសំណើម និងជីវជាតិគ្រប់គ្រាន់ ។ ដូច្នេះយើងគួរប្រើជីកំប៉ុស្តឲ្យបានច្រើន គឺពី ១០ ទៅ ១៥ តោន ក្នុង ១ ហិកតា (ឬ ១ ទៅ ១,៥ គីឡូក្រាម ក្នុងមួយម៉ែតការ៉េ ) ក្នុងដំណាក់កាលលូតលាស់យើងអាចប្រើជីកំប៉ុស្ត ទឹកបំប៉នបន្ថែម ។
ការប្រមូលផល
ស្ពៃខ្មៅ អាចប្រមូលផលសំរាប់បរិភោគ ឬលក់ក្នុងរយៈពេល ៤០ ថ្ងៃបន្ទាប់ពីដាំ គឺមុនពេលស្ពៃចេញផ្កា ។ ការប្រមូលផលលក់ត្រូវដកទាំងឫស ដើម្បីកុំឲ្យស្លឹកស្ពៃឆាប់ស្វិតស្រពោន៕
ប្រភព៖ agritoday.com
No comments:
Post a Comment