Saturday, March 25, 2017

បច្ចេកទេសថ្មី នៃការ​ផលិត​ជី​កំ​ប៉ុស្តិ៍​




  • សេចក្ដី​ផ្ដើម 
​ខិត្តប័ណ្ណ​ស្ដីពី ការធ្វើ​ជី​កំ​ប៉ុស្តិ៍​នេះ ត្រូវបាន​រៀបចំឡើង ជា​ផ្នែក​មួយ​នៃ សៀវភៅ​បច្ចេកទេស​កសិករ​សម្រាប់ ដំណាំ​ត្រសក់ផ្អែម ដែល​បាន​អនុវត្ត​នៅ​ដើមឆ្នាំ ២០១២ ក្នុង ខេត្ត​កំពង​ស់​ចាម និង​កំពង់ធំ ។ ខិត្តប័ណ្ណ​នេះ រៀបរាប់​ពី​វិធី​ធ្វើ​ជី​កំ​ប៉ុស្តិ៍ ៣​ប្រភេទ សម្រាប់​ប្រើ​ដាក់​ដំណាំ​នេះ គឺ កំ​ប៉ុស្តិ៍​គោគ កំ​ប៉ុស្តិ៍​ទឹក​បំប៉ន​ស្លឹក​ដើម និង​កំ​ប៉ុស្តិ៍​ទឹក​ជំនួយ​ផ្លែ​ត្រសក់​ឲ្យ​ផ្អែម ។ ជី​កំ​ប៉ុស្តិ៍​ទាំងនេះ ក៏​អាច​ប្រើ​សម្រាប់​ដំណាំ​បន្លែ ដំណាំ​យក​ផ្លែ និង​ដំណាំ​ផ្សេងទៀត​បានដែរ ។​
  • តើ​អ្វី​ទៅជា​ជី​កំ​ប៉ុស្តិ៍​?
​ជី​កំ​ប៉ុស្តិ៍ គឺជា ជីធម្មជាតិ និង​ជា​អ្នកកែលំអ​ដី ដែល​បាន​ម​ពី​ដំណើរការ​កាច់​បំបែក (​ធ្វើ​ឲ្យ​ពុកផុយ​) និង​ការ​រលាយ​នៃ​វត្ថុ​ធាតុ​សរីរាង្គ ក្រោម​លក្ខខណ្ឌ​អាកាសធាតុ សំណើម និង​កំដៅ​) សមស្រប​ដោយ​មីក្រូ សរីរាង្គ និង​សត្វល្អិត​មាន​ប្រយោជន៍ ឲ្យ​ក្លាយទៅជា​ជីជាតិ​ចិញ្ចឹម ដែល​ដំណាំ​អាច​ស្រូបយក​ប្រើ​សម្រាប់ ចិញ្ចឹមជីវិត និង​លូតលាស់​បន្ត​បូ​ជ ។ សារធាតុសរីរាង្គ​ចំបងៗ ដែល​ត្រូវ​ប្រើ​រួមមាន ស្លឹកឈើ​ស្រស់ ជី​លាមក​សត្វ ដីដំបូក ឬ​ដី​បាត​បឹង ត្រពាំង ទឹកនោម ផេះ​អង្កាម ជាដើម​...​។​
  • តើ​ជី​កំ​ប៉ុស្តិ៍ មាន​ប្រយោជន៍​អ្វីខ្លះ​?
​ជី​កំ​ប៉ុស្តិ៍​មាន​ប្រយោជន៍​ណាស់​សម្រាប់​កសិករ​ពីព្រោះ​វា​៖
- ផ្ដល់​ដី ដែល​ពុកផុយ​ល្អ សម្រាប់​យកទៅដាក់​ដំណាំ​
- កែប្រែ​គុណភាព​ដី ធ្វើ​ឲ្យ​ដី​ធូរ ដំណាំ​ចាក់ឫស​បានល្អ​
- ងាយស្រួល​ធ្វើ និង​អាច​រក​វត្ថុធាតុដើម មាន​ស្រាប់​ក្នុងភូមិ 
- ជួយ​កាត់បន្ថយ​ចំណាយ ដើម្បី​ទិញ​ដី 
- អាច​ប្រមូល​ប្រើ​អស់​លទ្ធភាព​នូវ​វត្ថុធាតុដើម​មាន​ស្រាប់​ក្នុង​មូលដ្ឋាន (​លាមក​សត្វ កាកសំណល់​សរីរាង្គ ដំណាំ​) ដែល បើ​ពុំ​នោះទេ ត្រូវ​ទុកចោល (​ប្រមូល​មិន​អស់ ឬ​ទុក​ហាលថ្ងៃ​ខ្យល់​ចោល ខូចគុណភាព​) និង​កខ្វក់​បរិស្ថាន​ជុំវិញ​ផ្ទះ ។ 
- ចូលរួម​សំអាត និង​ធ្វើ​ឲ្យ​ភូមិដ្ឋាន ស្អាត​មាន​អនាម័យ ។​
  • ប្រភេទ​ជី​កំ​ប៉ុស្តិ៍ និង​វិធី​ផលិត​
​ជី​កំ​ប៉ុស្តិ៍ មាន​វិធី​ផលិត ធាតុ​ផ្សំ និង​ប្រភេទ​ខុសគ្នា ទៅតាម​បច្ចេកទេស និង​បទពិសោធន៍ និង​តម្រូវការ របស់​កសិករ ។ ក្នុង​ខិត្តប័ណ្ណ​នេះ យើង​នឹង​លើកយក​បទ​ពី​សោធន៍​ធ្វើ​ជី​មួយចំនួន​ដែល​សមស្រប​សម្រាប់ ដំណាំ​ត្រសក់ផ្អែម និង​ដំណាំ​បន្លែ ។ វិធី​ផលិត​ទាំងនេះ ត្រូវការ​ពេល​ខ្លី ហើយ​ផលិត​បាន​ជី​កំ​ប៉ុ​សិ៍ មានគុណ​ភាពល្អ សម្រាប់​ប្រើ​តាម​ដំណាក់កាល​ផ្សេងៗ របស់​ដំណាំ ។​
  • ជី​កំ​ប៉ុស្តិ៍​គោក​
- វត្ថុ​ធាតុ​ផ្សំ​សម្រាប់ធ្វើ​ជី​កំ​ប៉ុស្តិ៍​គោក​
​បរិមាណ​វត្ថុ​ធាតុ​ផ្សំ គឺ​អាស្រ័យ​លើ​បរិមាណ​ជី​កំ​ប៉ុស្តិ៍ ដែល​ត្រូវ​ការប្រើ ។ វត្ថុ​ធាតុ​ផ្សំ និង​រូបមន្ត​ធាតុ​ផ្សំ លាយ ដែល​ត្រូវ​ប្រើ​គឺ​៖
- លាមក​គោ​/​ក្របី​ពុកផុយ ចំនួន ១​ភាគ​
- ផេះ​អង្កាម ឬ​ធ្យូង​អង្កាម ចំនួន ០,៥០ ភាគ​
- កំបោរ​ស ចំនួន ០,០៥ ភាគ​
​ឧទាហរណ៍​:
+ លាមក​គោក្របី (​ពុកផុយ​) ចំនួន ១០០ គីឡូក្រាម​
+ ផេះ​អង្កាម ឬ​ធ្យូង​អង្កាម ចំនួន ៥០ គីឡូក្រាម​
+ កំបោរ​ស ចំនួន ៥ គីឡូក្រាម​
- ទឹក​ធម្មតា ប្រើ​ក្នុង​បរិមាណ​សមស្រប សម្រាប់​ស្រោច​ផ្សើម​នៅពេល​លាយ​សារធាតុ​ផ្សំ ច្របល់​ចូលគ្នា ឲ្យ​សព្វ ។​
- ថង់​ប្លា​ស្ទី​ច​ថ្លា​ធំ ឬ​តូច អាស្រ័យ​លើ​បរិមាណ​ជី ដែល​យើង​ត្រូវ​ផលិត (​ឧទាហរណ៍​: បើ​ថង់​ច្រក​ជី​ធ្វើ​រួច មាន​កំពស់ ១,៥ ម៉ែត្រ និង​ធ្មេញឈើ (​ឬ​ទទឹង​មាត់​ថង់​) ២,៥ ម៉ែត្រ គឺអាច​ផលិត​បាន​ជី​កំ​ប៉ុស្តិ៍​គោក បាន​ប្រមាណ​ជា ១​តោន ។​
  • វិធី​ធ្វើ​ជី​កំ​ប៉ុស្តិ៍​គោក​
- ត្រៀម​ឧបករណ៍​ដែល​ត្រូវការ​មាន​តង់​កៅស៊ូ​សម្រាប់​ក្រាល​ថង់​ប្លា​ស្ទិ​ច​ថ្លា​សម្រាប់​ច្រក ចប ប៉ែល បង្គី​ជញ្ជីង​...​។ ល​។ 
- ចំពោះ​លាមក​គោក្របី ត្រូវយក​លាមក​គោក្របី​ពុកផុយ (​ឬ កាកសំណល់​ឡ​ជី​ឧស្ម័ន​) ដែល​ស្លូត ឬ​សើម តិចៗ​ហើយ​ជ្រោយ​បំបែក និង​រើសយក​កំទិចកំទី​ថ្ម ថង់​ប្លា​ស្ទិ​ច និង​វត្ថុ​រឹង ​មិន​រលាយ​/​រលួយ​ផ្សេងៗ​ចេញ ឲ្យ​ស្អាត ។​
- ចាក់​ធាតុ​ផ្សំ​ទាំង ៣​ចូលគ្នា លើ​តង់​កៅស៊ូ ដែល​បាន​ក្រាល​
- លាយ​ច្របល់ វា​ចូលគ្នា​ឲ្យ​សព្វ​ល្អ តាម​រូបមន្ត​ខាងលើ​ដោយ​ស្រោច​ទឹក ឲ្យ​ជោគ​ល្មម​បាន​សព្វ​ល្អ ។​
- ចង់​ក្របួចមាត់ថង់​ប្លា​ស្ទិ​ច​ថ្លា​ម្ខាង រួច​ដាក់​បញ្ឈរ (​ដោយ​ដាក់​ខាង​ចង នៅក្រោម ធ្វើជា​បាត​ថង់​) ហើយ​ជ្រើសរើស​ទីតាំង​ដាក់​ថង់​ដែល​អាច​ត្រូវ​កំដៅថ្ងៃ​បានល្អ ពេញ​មួយថ្ងៃ ។​
- ច្រក​ជី​ដែល​លាយ​ច្របល់​គ្នា​រួច ចូលក្នុង​ថង់​ប្លា​ស្ទិ​ច​ថ្លា ហើយ​កៀរ​ពង្រាយ​ឲ្យ​ពេញ​បាត​ថង់​ល្អ​
- បន្ទាប់ពី​ច្រក​ពេញ (​ត្រឹម​កម្រិត​អាច​ក្របួច ថង់​មាត់​បាន​) ត្រូវ​ចំហ​មាត់​ថង់ ហាលថ្ងៃ ឲ្យ​បាន​យ៉ាងតិច ២​ម៉ោង មុននឹង​ចង​ក្របួចមាត់ថង់ ខាងលើ ។​                                   - ចង​មាត់​ថង់​ឲ្យ​ជិត​ល្អ ហើយ​ទុក​ហាលថ្ងៃ នៅ​ទីតាំង​នោះ​យ៉ាងតិច ១៤​ថ្ងៃ ទើប​អាច​ប្រើ​បាន ។ ទុក​កាន់តែ​បានយូរ​ជាង​នេះ កាន់តែ​ប្រសើរ ។​

  • ជី​កំ​ប៉ុស្តិ៍​ទឹក សម្រាប់​បំប៉ន​ដើម​ស្លឹក​
- វត្ថុ​ធាតុ​ផ្សំ​ជី​កំ​ប៉ុស្តិ៍​ទឹក​បំប៉ន​ដើម​ស្លឹក​
​ក្នុងការ​ផ្សំ ជី​កំ​ប៉ុស្តិ៍​ទឹក​បំប៉ន​ដើម​ស្លឹក ត្រូវ​ប្រើ​ធាតុ​ផ្សំ​ខាងក្រោម​៖
- ស្លឹក​ទ​ន្ទ្រា​ង​ខែត្រ​ចិញ្ច្រាំ កន្លះ​ពាង (​ពាង​ចំណុះ ២០០​លីត្រ​)
- អាចម៍មាន់ ឬ​អាចម៍​ប្រចៀវ ដែល​កាច់​បំបែក​សរីរាង្គ​បានល្អ​ចំនួន ៣​គីឡូក្រាម​
- ទឹកនោម​គោក្របី ឬ​មនុស្ស​
- ទឹក​ធម្មតា ចាក់​បំពេញ​ពាង​
  • ​វិធី​ធ្វើ​ជី​កំ​ប៉ុស្តិ៍​ទឹក​បំប៉ន​ដើម​ស្លឹក​
- ឧបករណ៍ និង​សំភារៈ​ដែល​ត្រូវការ​រួមមាន​៖ ពាងទឹក ឬ​ធុង​ប្លា​ស្ទិ​ច​ចំណុះ ២០០​លីត្រ ។​
- ស្លឹក​ទ​ន្ទ្រា​ង​ខែត្រ​ចិញ្ច្រាំ​ខ្លីៗ កន្លះ​ពាង (​ឬ កន្លះ​ធុង​)
- អាចម៍មាន់ ឬ​អាចម៍​ប្រចៀវ ដែលមាន​លក្ខណៈ កាច់​បំបែក​ពុកផុយ បានល្អ​
- ទឹកនោម​គោក្របី ឬ​មនុស្ស​
- ទឹក​ធម្មតា ចាក់​បំពេញ​ពាង (​ឬ​ធុង​)
- ដាក់​វត្ថុ​ធា​ត​ផ្សំ​ទាំងបី​ចូលគ្នា ក្នុង​ពាង ហើយ​ចាក់ទឹក​បំពេញ​
- ដាក់​ពាង​/​ធុង​ជី នៅ​កន្លែង​ម្លប់ គ្រប​វា​ឲ្យ​ជិត​ល្អ​
- កូរ​មួយថ្ងៃ ២​ដង ហើយ​ក្នុង​មួយដងៗ ប្រមាណ​ជា ៥​នាទី​
- ទុក​ពាង​នៅ​ទីតាំង​នោះ​យ៉ាងតិច ២១​ថ្ងៃ ទើប​អាច​ប្រើ​បាន ។ ទុក​កាន់តែ​បានយូរ​ជាង​នេះ កាន់តែ​ប្រសើរ ។​
- ប្រើ​ជី​ទឹក​នេះ លាយ​ជាមួយ​ទឹក ឬ​បង្ហូរ​ជាមួយ​ទឹក​ស្រោច តាម​ទុយោ​ស្រោច​ដំណក់ទឹក តាម​គល់​ដំណាំ ។​
  • ជី​កំ​ប៉ុស្តិ៍​ទឹក​ជំនួយ​ផ្លែ​ឲ្យ​ផ្អែម​
- វត្ថុ​ធាតុ​ផ្សំ​ជី​កំ​ប៉ុស្តិ៍​ទឹក​ជំនួយ​ឲ្យ​ផ្លែ​ផ្អែម​
​ដើម្បី​ផ្សំ​ជី​កំ​ប៉ុស្តិ៍​ទឹក​ជំនួយ​ផ្លែ​ឲ្យ​ផ្អែម ត្រូវ​ប្រើ​ធាតុ​ផ្សំ ខាងក្រោម​៖
- ក្បាល​ត្រី (​ឬ កាកសំណល់​អាចម៍​ត្រី​) ចំនួន ៣​គីឡូក្រាម​
- ស្ករត្នោត ១​គីឡូក្រាម​
- ទឹក​ធម្មតា ១​លីត្រ​
- មេជី ០,៥ លីត្រ (​ជា​ទឹកដី ដែល​ផលិត​តាម​វិធី​នេះ ហើយ​ទុក​យូរ​)
  • វិធី​ធ្វើ​ជី​កំ​ប៉ុស្តិ៍​ទឹក​ជំនួយ​ឲ្យ​ផ្អែម​
- ដាក់​វត្ថុ​ធាតុ​ផ្សំ ទាំងបី​ចូលគ្នា ក្នុង​ធុង ឬ​កូន​ពាង​
- ដាក់​កូន​ពាង ឬ​ធុង​នោះ នៅ​កន្លែង​ដែលមាន​ម្លប់​
- កូរ​ល្បាយ​ជី រៀងរាល់​៣​ថ្ងៃ​ម្ដង ។​
- ទុក​ពាង​ជី នៅ​ទីតាំង​នោះ​យ៉ាងតិច ១​ខែ ទើប​អាច​ប្រើ​បាន ។ ទុក​កាន់តែ​បាន​យួរ​ជាង​នេះ កាន់តែ​ប្រសើរ ។​
- ប្រើ​ជី​ទឹក​នេះ លាយ​ជាមួយ​ទឹក ឬ​បង្ហូរ​ជាមួយ​ទឹក​ស្រោច​តាម​ទុយោ​ស្រោច​ដំណក់ទឹក តាម​គល់​ដំណាំ ៕ 
ប្រភព : គម្រោងបង្ហាញបច្ចេកវិទ្យាបង្កើនផលិតភាពជុំវិញតំបន់ទន្លេសាប

No comments:

Post a Comment